ផែនការទំនាក់ទំនង និងទីផ្សារ និងគម្រូទម្រង់ថវិកា

សូមធ្វើការទាញយក ផែនការទំនាក់ទំនង និងទីផ្សារ និងគម្រូទម្រង់ថវិកា ដើម្បីជាជំនួយដល់ អ្នកសម្រាប់ធ្វើផែនការសកម្មភាព ទំនាក់ទំនង និងទីផ្សាររបស់អ្នក នៅក្នុងទម្រង់ជាប្រចាំខែ និងប្រចាំឆ្នាំ។ សូមរក្សាផែនការអ្នកដោយសាមញ្ញ និងពិនិត្យឡើងវិញជាញឹកញាប់ ជាត្រីមាស ឬឆមាស ទៅតាមអ្វីដែលអ្នកអនុវត្តវា។ Marketing and Communication Plan and Budget template

 

ទីផ្សារចម្រុះ

Marketing Mix គឺជាក្របខ័ណ្ឌការងារដែលជួយដល់អ្នកគ្រប់គ្រងអាជីវកម្មក្នុងការបង្កើត យុទ្ធសាស្រ្តទីផ្សារសម្រាប់អាជីវកម្មរបស់ពួកគេ។ ក្របខ័ណ្ឌដើមមានសមាសភាគសំខាន់ៗ ដែលហៅថា “4Ps”: ផលិតផល/សេវាកម្ម ទីតាំង តម្លៃ និងការផ្សព្វផ្សាយផលិតផល។ នាពេលថ្មីៗនេះក្របខ័ណ្ឌការងារត្រូវបានពង្រីកដោយ Booms & Bitner ដើម្បីបញ្ចូល “Ps” បន្ថែមចំនួនបីទៀតគឺ មនុស្ស ដំណើរការ និងភស្តុតាងរូបវន្ត។ សូមមើលសមាសធាតុនីមួយៗដោយលំអិតដូចខាងក្រោម:

ផលិតផល / សេវាកម្ម Products/Services

ផលិតផលរបស់អ្នកគួរបំពេញតម្រូវការមួយ និងផ្តល់នូវបទពិសោធន៍សម្រាប់អ្វីដែលអតិថិជនរបស់អ្នកមានឆន្ទៈក្នុងការបង់ប្រាក់។ ក្នុងនាមជាអ្នកទីផ្សារដ៏ល្អអ្នកគួរតែបង្កើតទម្លាប់នៃការមើលផលិតផលជាបន្ត និងសួរសំណួរដើម្បីកំណត់ថាតើផលិតផលរបស់អ្នកនៅតែសមរម្យសម្រាប់ទីផ្សារ ឬប្រសិនបើអ្នកប្រកួតប្រជែងរបស់អ្នកផ្តល់ជូននូវផលិតផលដែលល្អជាង ឬប្រសិនបើអ្នកនៅតែបន្តផ្តល់ជូនផលិតផលនេះដែលនាំមកនូវការផ្លាស់ប្តូរនៅលើទីផ្សារ។

ទីតាំង Place

ការយល់ដឹងពីកន្លែងដែលអ្នកទិញស្វែងរកផលិតផលរបស់អ្នកគឺសំខាន់ចំពោះភាពជោគជ័យនៃអាជីវកម្មរបស់អ្នក។ តើវាជាហាងលក់ទំនិញមួយ វេបសាយលក់ទំនិញ ឬជាការបង្ហាញម៉ូដ? នៅពេលដែលអ្នកកំណត់ថាទីតាំងណាជា គោលដៅរបស់ទំនិញអ្នក អ្នកគួរធ្វើឱ្យផលិតផលរបស់អ្នកអាចរកបាន និងងាយស្រួលចូលប្រើវា។ វាក៏មានប្រយោជន៍ផងដែរដើម្បីមើលដៃគូប្រកួតប្រជែងរបស់អ្នកហើយគិតអំពីរបៀបដាក់ផលិតផលរបស់អ្នកអោយកាន់តែប្រសើរឡើង។

 តម្លៃ Price

តម្លៃដែលអ្នកស្នើសុំសម្រាប់ផលិតផល ឬសេវាកម្មរបស់អ្នកគឺមានទំនាក់ទំនងផ្សាភ្ជាប់ដោយផ្ទាល់ជាមួយជោគជ័យរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយជាការសំខាន់ណាស់ដែលត្រូវកត់សម្គាល់ថាតម្លៃថោកមិនតែងតែត្រូវសន្មតថាជាចំណែកទីផ្សារធំជាងមួយនោះទេ។ អតិថិជនជាធម្មតានឹងចំណាយលុយច្រើនសម្រាប់អ្វីមួយដែលមានតម្លៃច្រើនជាងហើយជាអ្វីដែលពួកគេត្រូវការ។ មានសំនួរមួយចំនួនដែលអ្នកគួរតែឆ្លើយមុននឹងកំណត់តំលៃផលិតផលរបស់អ្នកដូចជា:

  • តើអតិថិជនដែលទិញទំនិញអ្នក ឲ្យតម្លៃប៉ុន្មានសំរាប់ផលិតផល?
  • តើអតិថិជនដែលទិញទំនិញអ្នក ជាមនុស្សប្រភេទគិតពីតម្លៃខ្លាំងទេ?
  • ប្រសិនបើអ្នកចង់កាត់បន្ថយតម្លៃរបស់អ្នក តើអ្នកនឹងទទួលបានចំណែកទីផ្សារកាន់តែច្រើនដែរឬទេ? ឬតើវាមានប្រយោជន៍ឬទេ ក្នុងការបង្កើនតម្លៃដើម្បីទទួលបានប្រាក់ចំណេញច្រើនជាងមុន?
  • តើគូប្រកួតប្រជែងរបស់អ្នកកំណត់តម្លៃលក់ផលិតផលរបស់ខ្លួនយ៉ាងដូចម្តេច?
  • តើតម្លៃទំនិញរបស់អ្នកធ្វើឱ្យអ្នកមើលទៅថាមានតម្លៃថ្លៃ សមរម្យ ឬថោក?

ការផ្សព្វផ្សាយលក់ Promotion

នៅពេលអ្នកគិតពីការលើកកម្ពស់ផលិតផលរបស់អ្នក អ្នកត្រូវធ្វើការស្រាវជ្រាវដើម្បី ស្វែងយល់ថា តើនៅពេលណា និងនៅទីណា ដែលអ្នកអាចទៅដល់ក្រុមគោលដៅរបស់អ្នក។ មានច្រកទំនាក់ទំនងជាច្រើនដែលអ្នកអាចប្រើដើម្បីលើកកម្ពស់ផលិតផលរបស់អ្នក – ទំនាក់ទំនងសាធារណៈ ការផ្សាយពាណិជ្ជកម្ម ការលក់ដល់ផ្ទះ ទីផ្សារតាមសារអេឡិចត្រូនិច ទីផ្សារអនឡាញ និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ ការជ្រើសរើសប្រភពច្រកទំនាក់ទំនងដ៏ត្រឹមត្រូវសម្រាប់ផ្តល់សារដល់ទីផ្សាររបស់អ្នក គឺជាគន្លឹះជោគជ័យក្នុងការឈានដល់អតិថិជនគោលដៅរបស់អ្នក។

សមាសភាគទី ៥ ទី៦ និងទី៧ គឺមានសារសំខាន់ណាស់ សម្រាប់សេវាសហគ្រាស ទោះជាយ៉ាងណា អ្នកអាចយកលំនាំតាមវា ដើម្បីអាចអនុវត្តបត់បែនទៅតាមផលិតផលរបស់អ្នក។

 

មនុស្ស People

ការមានមនុស្សត្រឹមត្រូវដើម្បីអនុវត្តការងារនីមួយៗ​ នៅក្នុងក្រុមហ៊ុនរបស់អ្នកគឺមានសារៈសំខាន់សម្រាប់ភាពជោគជ័យនៃអាជីវកម្មរបស់អ្នក មិនថាវាជាផលិតផលដែលអ្នកផ្តល់ឬជាសេវាកម្មមួយទេ។ បុគ្គលិកដែលជឿជាក់លើផលិតផល/សេវាកម្មដែលអ្នកកំពុងលក់គឺជាទ្រព្យសម្បត្តិមួយដែលគាត់អាចធ្វើបានល្អ ហើយនិយាយពីផលិតផលរបស់អ្នកឱ្យបានល្អនៅខាងក្រៅអាជីវកម្មរបស់អ្នក។ វាមានសារៈសំខាន់ជាពិសេសដើម្បីឱ្យមានមនុស្សត្រឹមត្រូវមក បម្រើសេវាកម្មដល់អតិថិជនដោយផ្ទាល់។ សូមចងចាំថា បទពិសោធន៍ទិញទំនិញដ៏ល្អមួយដែលអតិថិជនរបស់អ្នកមាននៅពេលដែលទាក់ទងជាមួយអ្នកតំណាងក្រុមហ៊ុនរបស់អ្នកអាចមានប្រសិទ្ធភាពច្រើនជាងម៉ោងដែលគេផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍ទៅទៀត។

ដំណើរការ Process

អ្នកចង់ឱ្យអតិថិជនចាកចេញពីអាជីវកម្មរបស់អ្នកជាមួយអារម្មណ៍វិជ្ជមានដើម្បីរក្សាភាពស្មោះត្រង់ និងអាចចែករំលែកបទពិសោធន៍ល្អជាមួយអ្នកដ៏ទៃ។ វាមើលទៅមានតំលៃលើដំណើរការនៃការផ្តល់សេវាផ្គត់ផ្គង់ ថាជាឱកាសសម្រាប់បន្ថែមអន្តរកម្មជាមួយអតិថិជនរបស់អ្នកដើម្បីពង្រឹងនិមិត្តរូបរបស់អ្នក។ សូមចងចាំថាអតិថិជនរបស់អ្នកកំពុងបង់ប្រាក់សម្រាប់ផលិតផលរួម ដែលរួមទាំងការផ្តល់សេវាកម្មផងដែរ។ ជាឧទាហរណ៍ភោជនីយដ្ឋានមួយមិនត្រឹមតែត្រូវបានវិនិច្ឆ័យដោយម្ហូបឆ្ងាញ់ដែលវាផ្តល់ជូនប៉ុណ្ណោះទេ តែល្បឿននៃសេវាកម្ម និងភាពស្និទ្ធស្នាលរបស់បុគ្គលិកខណៈរង់ចាំគឺមានសារៈសំខាន់ដូចជាគុណភាពនៃម្ហូបអាហារ។

ភស្តុតាងរូបវន្ត Physical Evidence

បរិយាកាសដែលអ្នកផ្តល់ជូននូវសេវាកម្មរបស់អ្នក និងការវេចខ្ចប់ដែលអ្នកបង្ហាញផលិតផលរបស់អ្នក មានឥទ្ធិពលផ្ទាល់ទៅលើការសម្រេចចិត្តចុងក្រោយរបស់អតិថិជនចំពោះសេវាកម្ម ឬផលិតផលរបស់អ្នក។ របៀបដែលអ្នកយល់ឃើញថាដូចជាស្លាកយីហោអ្វីមួយ (ដែលនឹកឃើញនៅពេលដែលឈ្មោះក្រុមហ៊ុន ឬផលិតផលរបស់អ្នកត្រូវបានគេឮ) គឺជាផ្នែកមួយនៃ “P” នេះ។ ប្រសិនបើកន្លែងដែលអ្នកកំពុងផ្តល់សេវារបស់អ្នកវារញ៉េរញ៉ៃ និងមិនមានភាពទាក់ទាញ អតិថិជនរបស់អ្នកប្រហែលជាមិនជឿទុកចិត្តលើសេវាកម្មរបស់អ្នកហើយប្រហែលជាស្ទាក់ស្ទើរក្នុងការធ្វើការជាមួយអ្នក។ បើទោះបីជាវាគ្រាន់តែជាវិក័យប័ត្រដែលអ្នកផ្តល់ទៅឱ្យអតិថិជនរបស់អ្នកក៏ដោយ ក៏វាគួរតែមើលទៅរបៀបមានជំនាញវិជ្ជាជីវៈព្រោះវាប្រាប់ច្រើនអំពីពត៌មានក្រុមហ៊ុនរបស់អ្នក និងអ្នកដែលធ្វើការឲ្យអ្នក។

នៅពេលមួយដែលអ្នកបានកំណត់ល្បាយទីផ្សាររបស់អ្នកហើយ អ្នកគួរតែសាកល្បងវាដោយមើលទៅលើការផ្តល់ជូនរបស់អ្នកតាមទស្សនៈរបស់អតិថិជន:

  • តើផលិតផលរបស់អ្នកបំពេញបំណងរបស់ពួកគេទេ?
  • តើវាត្រូវបានរៀបចំដាក់នៅទីតាំងល្អដើម្បីងាយស្រួលរក នៅពេលដែលពួកគេដើរទិញ?
  • តើវាសមនឹងតម្លៃដែលពួកគេនឹងត្រូវចំណាយសម្រាប់វាទេ?
  • តើអ្នកប្រើច្រកទំនាក់ទំនងត្រឹមត្រូវដើម្បីចូលដល់ពួកគេដែរឬទេ?
  • តើមនុស្សដែលធ្វើការឱ្យអ្នក តំណាងឱ្យផលិតផល ឬសេវាកម្មរបស់អ្នកបានល្អទេ?

បន្តសួរសំណួរ និងច្នៃអោយប្រសើរឡើងនូវទីផ្សារចម្រុះរបស់អ្នករហូតដល់អ្នកពេញចិត្តជាមួយនឹងទីផ្សារចម្រុះរបស់អ្នក។ សូមចងចាំថានៅពេលដែលទីផ្សារ និងតម្រូវការអតិថិជនមានការផ្លាស់ប្តូរនោះល្បាយទីផ្សាររបស់អ្នកគួរតែត្រូវបានវាយតម្លៃម្តងទៀតជាទៀងទាត់ដើម្បីធានាថាអាជីវកម្មរបស់អ្នកកំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។